ប្រវត្តិស្នេហ៍ យឿន ពិសី និងកញ្ញា ហេង កក្កដា ហៅ អូនរ៉ា ធ្លាប់ត្រូវបានសាមីខ្លួនបង្ហើបប្រាប់ តារាញូស៍ ឲ្យដឹងពីអាយុកាលប្រមាណជាង១ឆ្នាំមកហើយពោលគឺតាំងពីដើមឆ្នាំ២០២០មកម្ល៉េះ។ ម្ចាស់បទ «ទន្សាយកំព្រា» បានបញ្ជាក់ទាំងរីករាយស្វាគមន៍កាលណោះថា៖ «នារីដែលគេតែងបង្ហាញគឺជាម្ចាស់បេះដូងយ៉ាងពិតប្រាកដ នាងឈ្មោះរ៉ា ជាអ្នករស់នៅភ្នំពេញមានមុខរបរជាអ្នកផាត់មុខ ធ្វើសក់ ឆ្នាំនេះនាងមានអាយុ២៥ហើយ…បងគេបន្តិច…គេ២១ហើយ»។
បន្ថែមលើនេះអតីតម្ចាស់ពានដែលមានដើមកំណើតនៅទឹកដីខេត្តកំពង់ចាមរូបនេះក៏បានប្រាប់លម្អិតពីចំណងស្នេហ៍ឈានដល់ការបង្ហាញជាផ្លូវការនេះឲ្យ តារាញូស៍ ដឹងទៀតថា៖ «ពួកយើងស្រលាញ់គ្នាបានជាង១ឆ្នាំហើយតែដូចនិស្ស័យធ្វើឲ្យឆាប់យល់ចិត្តគ្នា និងច្បាស់លាស់ថាយកគ្នាជាគូអនាគតតែម្ដង»។
គួររំឭកថាមហាជនមិនទាន់ភ្លេចនៅឡើយឈ្មោះ យឿន ពិសី ដ្បិតកាលពី៥ឆ្នាំមុនរូបគេបានសាងកេរ្តិ៍ល្បីរន្ទឺពេញផ្ទៃប្រទេស និងក្លាយជាម្ចាស់ពាន Cambodia’s Got Talent រដូវកាលទី១ របស់ទូរទស្សន៍ហង្សមាស ដោយជោគជ័យក្រោមទឹកចិត្តអាណិតស្រលាញ់បោះឆ្នោតពីមហាជនយ៉ាងភ្លូកទឹកភ្លូកដី។ងាកមកការងារសិល្បៈ យឿន ពិសី ប្រាប់ព័ត៌មានក្នុងស្រុកថា កំពុងថតបទជាហូរហែដែរ ដើម្បីបង្ហោះរកចំណូលតាមយូធូបដោយសហការជាមួយលោក បូទី។
ចំពោះបទចម្រៀងផ្លូវការផ្ទាល់ខ្លួនមាន២បទហើយ ដោយបទទី១ «ទន្សាយកំព្រា» លោក ដួង វីរសិទ្ធ និពន្ធឲ្យ ឯបទទី២ជាបទឆ្លងឆ្លើយ «ក្មេងសម័យ២០២០» លោក ផេន បូទី និពន្ធឲ្យ៕