ខេមរៈ សិរីមន្ត ទំនងជាសម្ងំថតបទថ្មីបែបជនបទ ហើយតួអង្គស្រីមិនពិបាកទៅរកអ្នកឆ្ងាយទេ

ស្របពេលដែលតាមបណ្ដាផលិតកម្មកំពុងស្ងៀមទ្រឹងស្ងាត់លែងឃើញបញ្ចេញបទថ្មីនោះ ស្រាប់តែតារាចម្រៀងប្រុសលំដាប់កំពូលមួយរូបក្នុងស្រុកខ្មែរ លោក ខេមរៈ សិរីមន្ត បង្ហោះរូបភាពប៉ុន្មានសន្លឹក អមដោយទេសភាពបែបស្រុកស្រែ រួមជាមួយតួស្រីជាច្រើននាក់ ទំនងជាសម្ងំថត MV បទថ្មីរបស់ខ្លួនសម្រាប់ត្រៀមបំពេរអារម្មណ៍មហាជន នារដូវបុណ្យភ្ជុំបិណ្ឌខាងមុខនេះផងដែរ។

អ្វីដែលប្លែក គឺតួស្រីដែលចូលរួមស្ដែងជាមួយ លោក ខេមរៈ សិរីមន្ត នោះ ធ្វើអោយបងបង្អូនមហាជនជាច្រើនចាប់អារម្មណ៍ និងបញ្ចេញមតិហាក់ងឿងឆ្ងល់ថា តើតួស្រីចូលរួមសម្ដែងនោះជានរណា? ហេតុអីមិនដែលឃើញពីមុនអញ្ចឹង? ជាចម្លើយ ត្រូវបានអ្នកជិតស្និតជាមួយតារាចម្រៀងលោក ខេមរៈ សិរីមន្ត បង្ហើបអោយដឹងថា តាមពិតតួអង្គស្រីសម្រស់ស្រស់សោភា កំពុងប្រជ្រៀតខ្លួនចូលវិថីសិល្បៈរូបនោះ គឺជាបងថ្លៃរបស់តារាចម្រៀងរូបនេះផ្ទាល់ ពោល គឺជាបងស្រីភរិយារបស់លោក។

ងាកមកចាប់អាម្មណ៍ជាមួយកាតុបតែងខ្លួនរបស់លោក ខេមរៈ សិរីមន្ត និងតួអង្គស្រីក្នុង MV ថ្មីនេះវិញ ឃើញមានស្លៀកសំលៀកបំពាក់បែបជនបទយ៉ាងស្រស់ស្អាត មិនខុសពី MV បទចម្រៀងមួយបទ ដែលបានបញ្ចេញអំឡុងបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំកន្លងទៅឡើយ ដែលមួយបទនោះមានចំណងជើងថា «ជូនម៉ែមួយលានខែភ្ជុំ» ហើយតាមរយៈបទចម្រៀងថ្មីមហាជនកំពុងរង់ចាំស្ដាប់នេះ ត្រូវបានគេជឿជាក់ថា នឹងអាចផ្ទុះការគាំទ្រដូចបទ «ជូនម៉ែមួយលានខែភ្ជុំ» ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *